S&P ដំឡើងចំណាត់ថ្នាក់ឥណទាន “B+” ដល់ ABA
12/Dec/2019
ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាធនាគារពាណិជ្ជធំទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដែលទទួលបានពីភ្នាក់ងារវាយតម្លៃអន្តរជាតិឈ្មោះ Standard & Poor’s (S&P) Global Ratings ត្រូវបានដំឡើងពីកម្រិត ‘B’ ទៅ ‘B+’ ជាមួយនឹងទស្សនវិស័យស្ថិរភាព។
“យើងពិតជារីករាយណាស់ ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ” នេះបើតាមប្រសាសន៍របស់លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA។ “នេះគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវរបស់យើង ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន” លោកបន្ថែម។
អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថាមានគុណសម្បត្តិល្អក្នុងការប្រកួតប្រជែង រួមជាមួយនឹងការគាំទ្រពីសម្ពន្ធធនាគារជាតិកាណាដាផងដែរ។
“យើងបានដំឡើងចំណាត់ថ្នាក់របស់យើងដល់ធនាគារ ABA ដោយផ្អែកលើសម្ភារៈរបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារនៃប្រាក់កម្ចីនិងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។ បច្ចុប្បន្នធនាគារ ABA គឺជាធនាគារធំលំដាប់ទីបីនៅកម្ពុជា ហើយបណ្តាញធុរកិច្ចរបស់ខ្លួនគ្របដណ្តប់ទាំងនៅក្នុងទីក្រុង និងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងទីផ្សារផងដែរ។ តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារ ទំនងជានឹងបន្តគាំទ្រដល់ស្ថិរភាពអាជីវកម្មរយៈពេលវែងបាន” នេះបើយោងតាមបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P។
“បណ្តាញធុរកិច្ចរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំរបស់ខ្លួន ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចនិងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។ ធនាគារ ABA បាននិងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ 2010 ជាពិសេសនៅក្នុងផ្នែក MSME។ យើងប៉ាន់ស្មានឃើញថា ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា 10 ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា 12 ភាគរយ សម្រាប់ប្រាក់បញ្ញើ នេះបើគិតត្រឹមថ្ងៃទី30 ខែមិថុនា ឆ្នាំ 2019” អ្នកវិភាគរបស់ S&P បានបន្ថែម។
ទស្សនវិស័យស្ថិរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញ ដែលថាធនាគារ ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយនឹងបន្តរាយការណ៍អំពីគុណភាពទ្រព្យសម្បត្តិល្អ នៅក្នុងបរិយាកាសប្រតិបត្តិការដែលមានហានិភ័យខ្ពស់របស់កម្ពុជា។
ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត ‘B’ ដល់ធនាគារ ABA នៅក្នុងឆ្នាំ 2017 និងរក្សាចំណាត់ថ្នាក់នេះដដែលនៅក្នុងឆ្នាំ 2018។
អំពី S&P Global Ratings
ជាមួយការផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង 1លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុនហិរញ្ញវត្ថុនិងមូលបត្រអន្តរជាតិ S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានានៃស្ថាប័ននេះ ជួយគាំទ្រដល់ការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង 1,500 ក្នុង 28ប្រទេស លើពិភពលោក។ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com។