S&P​ ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ “B+”​ ដល់​ ABA

12/12/2019

S&P​ upgrades​ ABA​ Bank’s 3S&P​ upgrades​ ABA​ Bank’s 3

ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank)​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ទី​បី​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​វែង​របស់​ខ្លួន​ ដែល​ទទួល​បាន​ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​ឈ្មោះ​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings​ ត្រូវ​បាន​ដំឡើង​ពី​កម្រិត​ ‘B’​ ទៅ​ ‘B+’​ ជាមួយនឹង​ទស្សនវិស័យ​ស្ថិរ​ភាព​។​

“​យើង​ពិតជា​រីករាយ​ណាស់​ ដែល​ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ពី​ S&P​ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​ល្អ​របស់​យើង​ និង​បញ្ជាក់​ពី​ជំហរ​រឹង​មាំ​របស់​ ABA​ នៅ​ក្នុង​ទីផ្សារ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Zhiger​ Atchabarov​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគារ​ ABA​។​ “​នេះ​គឺជា​លទ្ធផល​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អាជីវកម្ម​ត្រឹមត្រូវ​របស់​យើង​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ និង​ម្ចាស់​ភាគហ៊ុន​”​ លោកបន្ថែម​។​

​អ្នកជំនាញ​របស់​ S&P​ ចាត់​ទុក​សមត្ថភាព​នៃ​ការ​គ្រប់គ្រង​ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ ថា​មានគុណ​សម្បត្តិ​ល្អ​ក្នុង​ការ​ប្រកួតប្រជែង​ រួម​ជាមួយនឹង​ការ​គាំទ្រ​ពី​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ផង​ដែរ​។​

“​យើង​បាន​ដំឡើង​ចំណាត់ថ្នាក់​របស់​យើង​ដល់​ធនាគារ​ ABA​ ដោយ​ផ្អែក​លើ​សម្ភារៈ​របស់​ធនាគារ​ និង​ការ​កើនឡើង​ចំណែក​ទីផ្សារ​នៃ​ប្រាក់​កម្ចី​និង​ប្រាក់​បញ្ញើ​ រួម​នឹង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​លើស​ពី​មធ្យម​។​ បច្ចុប្បន្ន​ធនាគារ​ ABA​ គឺជា​ធនាគារ​ធំ​លំដាប់​ទី​បី​នៅ​កម្ពុជា​ ហើយ​បណ្តាញធុរកិច្ច​របស់​ខ្លួន​គ្របដណ្តប់​ទាំង​នៅ​ក្នុង​ទីក្រុង ​និង​ជនបទ​ ក៏​ដូច​ជា​ប្រព័ន្ធ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ផង​ដែរ​។​ តាម​ទស្សនៈ​របស់​យើង​ គុណសម្បត្តិ​ដ៏​មាន​ភាព​ប្រកួតប្រជែង​របស់​ធនាគារ​ ទំនងជា​នឹង​បន្ត​គាំទ្រ​ដល់​ស្ថិរភាព​អាជីវកម្ម​រយៈពេល​វែង​បាន​”​ នេះ​បើ​យោង​តាម​បច្ចុប្បន្នភាព​នៃ​ការ​ស្រាវជ្រាវ​របស់​ S&P​។​

“​បណ្តាញធុរកិច្ច​របស់​ ABA​ នៅ​ទូ​ទាំង​ប្រទេស​ និង​វត្តមាន​ដ៏​រឹង​មាំ​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាត​តូច​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (MSME)​ នឹង​បន្ត​គាំទ្រ​ដល់​ជំហរ​អាជីវកម្ម​របស់​ខ្លួន​។​ ធនាគារ​ ABA​ បាន​និង​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ឆ្នាំ​ 2010​ ជា​ពិសេស​នៅ​ក្នុង​ផ្នែក​ MSME​។​ យើង​ប៉ាន់ស្មាន​ឃើញ​ថា​ ចំណែក​ទីផ្សារ​របស់​ធនាគារ​ ABA​ មាន​ដល់​ទៅ​ប្រហែលជា​ 10​ ភាគរយ​ សម្រាប់​ប្រាក់​កម្ចី​ និង​ប្រហែលជា​ 12​ ភាគរយ​ សម្រាប់​ប្រាក់​បញ្ញើ​ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​30​ ខែមិថុនា​ ឆ្នាំ​ 2019”​ អ្នកវិភាគ​របស់​ S&P​ បាន​បន្ថែម​។​

ទស្សនវិស័យ​ស្ថិរភាព​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ឃើញ​ ដែល​ថា​ធនាគារ​ ABA​ នឹង​គ្រប់គ្រង​កំណើន​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​និរន្តរភាព​ ហើយនឹង​បន្ត​រាយការណ៍​អំពី​គុណភាព​ទ្រព្យសម្បត្តិ​ល្អ​ នៅ​ក្នុង​បរិយាកាស​ប្រតិបត្តិការ​ដែល​មាន​ហានិភ័យ​ខ្ពស់​របស់​កម្ពុជា​។​

​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​ S&P​ បាន​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​កម្រិត​ ‘B’​ ដល់​ធនាគារ​ ABA​ នៅ​ក្នុង​ឆ្នាំ​ 2017​ និង​រក្សា​ចំណាត់ថ្នាក់​នេះ​ដដែល​នៅ​ក្នុង​ឆ្នាំ​ 2018​។​

​អំពី​ S&P​ Global​ Ratings
​ជាមួយ​ការ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ដ៏​លេចធ្លោ​ប្រមាណ​ជាង​ 1​លាន​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​,​ សាជីវកម្ម​,​ វិស័យ​ហិរញ្ញវត្ថុ​,​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​មូល​ប​ត្រ​អន្តរជាតិ​ S&P​ Global​ Ratings​ គឺជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ឈានមុខ​កម្រិត​ពិភពលោក​។​ ការ​វិភាគ​ហានិភ័យ​ឥណទាន​ ការ​ស្រាវជ្រាវ​ និង​ទិន្នន័យ​នានា​នៃ​ស្ថាប័ន​នេះ​ ជួយ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​តម្លាភាព​ និង​សន្ទនីយ​ភាព​ទីផ្សារ​លើ​ពិភពលោក​។​ S&P​ Global​ Ratings​ មាន​អ្នកជំនាញ​ប្រមាណ​ជាង​ 1,500​ ក្នុង​ 28​ប្រទេស​ លើ​ពិភពលោក​។​ មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ ទីក្រុង​ញ៉ូ​យ៉​ក​ សហរដ្ឋអាមេរិក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ www.spratings.com​។​