ប្រព័ន្ធ PayWay របស់ធនាគារ ABA ឈ្នះពានរង្វាន់ Asia eCommerce Award លើកទីពីរ
16/Dec/2020
ABA ជាធនាគារកម្ពុជាឈានមុខគេផ្នែកហិរញ្ញវត្ថុឌីជីថល ទទួលបានពានរង្វាន់លំដាប់កំពូលសម្រាប់ប្រព័ន្ធទូទាត់របស់ខ្លួន គឺ PayWay នៅក្នុងពិធីប្រគល់ពានរង្វាន់ Asia eCommerce Awards ប្រចាំឆ្នាំលើកទីបី។ សមិទ្ធិនេះបង្ហាញពីឧត្តមភាពរយៈពេលពីរឆ្នាំជាប់ៗគ្នារបស់ប្រព័ន្ធ PayWay ។
ពានរង្វាន់នេះត្រូវបានផ្តល់ជូន ដោយសារប្រព័ន្ធ PayWay ផ្តល់ដំណោះស្រាយការទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិកដ៏ល្អបំផុតជូនអាជីវកម្មក្នុងស្រុកនានានៅកម្ពុជា។ គណៈវិនិច្ឆ័យបានសាទរដល់ភាពងាយស្រួលរបស់ប្រព័ន្ធ PayWay ក្នុងការប្រមូល និងគ្រប់គ្រងការទូទាត់តាមអនឡាញ ហើយជាពិសេសបានកោតសរសើរចំពោះ មុខងារមួយក្នុងចំណោមមុខងារដែលត្រូវបានបន្ថែមថ្មីនៅឆ្នាំនេះ។
មុខងារ ទិន្នន័យរក្សាទុក (Credentials on File) ជួយសម្រួលឲ្យការទូទាត់ដដែលៗនៅពេលក្រោយ ឬនាពេលអនាគតដំណើរការដោយស្វ័យប្រវត្តិ។ ជាមួយមុខងារនេះ ពាណិជ្ជករ PayWay អាចរក្សាទុកព័ត៌មានកាតឥណទាន ឬគណនី ABA របស់អតិថិជនដោយមានការយល់ព្រមពីអតិថិជនសម្រាប់ការទិញដដែលៗសម្រាប់លើកក្រោយៗជាទៀងទាត់ ឬតាមកាលកំណត់។ ពាណិជ្ជករអាចមើលឃើញតែព័ត៌មានបំប្លែងនៃកាតឥណទាន ឬព័ត៌មានបំប្លែងនៃគណនីធនាគាររបស់អតិថិជនប៉ុណ្ណោះ ខណៈពេលដែលព័ត៌មានពិតប្រាកដត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅលើម៉ាស៊ីនមេ (Servers) របស់ប្រព័ន្ធ PayWay។
មុខងារថ្មីនេះ ជាការបន្ថែមដ៏មានតម្លៃលើមុខងាររបស់ PayWay ដែលមានផ្តល់ជូនស្រាប់ដល់អ្នកប្រើប្រាស់របស់ខ្លួន ដូចជា៖
- មុខងារចេញវិក្កយបត្រ
- ការទូទាត់ដោយប្រើកាតឥណទាន/ឥណពន្ធ និងកម្មវិធី ABA PAY
- ការដាក់បង្ហាញ ឬព្រីនកូដ QR ការទូទាត់នៅលើប្រភពភាគីទីបី
- កម្មវិធី PayWay Mobile ដែលជាម៉ាស៊ីនទូទាត់តាមទូរស័ព្ទ (mPOS)
- ABA PAY៖ ការទូទាត់តាមទូរស័ព្ទដៃដោយប្រើកូដ QR សម្រាប់ទាំងការលក់ដូរតាមអនឡាញ និងតាមហាង និង
- កម្មវិធីគ្រប់គ្រងរបស់ពាណិជ្ជករ។
លោក Zokhir Rasulov ជានាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ក្នុងឱកាសនេះថា “នេះជាលទ្ធផលសម្រេចដ៏លេចធ្លោមួយរបស់ធនាគារ ABA ដែលរក្សាជ័យជម្នះនេះបានរយៈពេលពីរឆ្នាំជាប់ៗគ្នា។ យើងឃើញមានចំណាប់អារម្មណ៍ជាច្រើនលើប្រព័ន្ធ PayWay ពីពាណិជ្ជករក្នុងស្រុកនៅក្នុងឆ្នាំនេះ ដោយសារតែសារៈសំខាន់នៃដំណោះស្រាយការទូទាត់អនឡាញជាទីទុកចិត្ត ដែលបានកើនឡើងជាពិសេសដោយសារលក្ខខណ្ឌតម្រូវឲ្យរក្សាគម្លាតសុវត្ថិភាពពីគ្នាអំឡុងពេលវីរុសកូវីដ។”
“ប្រព័ន្ធ PayWay ឥឡូវនេះត្រូវបានប្រើប្រាស់ដោយអាជីវកម្មរាប់ពាន់ដើម្បីជំរុញការលក់តាមអនឡាញរបស់ពួកគេ។ បច្ចុប្បន្ន យើងក៏ដាក់ឲ្យដំណើរកម្មវិធី PayWay Mobile សម្រាប់ពាណិជ្ជករតាមហាងផងដែរ។ សេវាកម្មនេះមានសម្រាប់ពាណិជ្ជករជាច្រើន ហើយយើងជឿជាក់ថា កម្មវិធីនេះនឹងជួយជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងធ្វើឲ្យការទូទាត់ជាប្រាក់រៀលខ្មែរកាន់តែពេញនិយម។”
ដោយបង្កើតឡើងជាពិសេសសម្រាប់ឆ្លើយតបនឹងតម្រូវការអាជីវកម្មក្នុងស្រុក PayWay ជាប្រព័ន្ធទូទាត់អនឡាញដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ ព្រមទាំងងាយស្រួលភ្ជាប់ប្រព័ន្ធដែលជួយសម្រួលដល់សហគ្រិនក្នុងការទទួលការទូទាត់បានភ្លាមៗ សម្រាប់ការលក់ផលិតផល ឬសេវាកម្មរបស់ពួកគេតាមអនឡាញ ឬតាមហាង។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រព័ន្ធទូទាត់ PayWay ដែលឈ្នះពានរង្វាន់នេះ សូមអញ្ជើញមកកាន់វិបសាយរបស់ធនាគារ ABA ឬផ្ញើអ៊ីមែលមកក្រុមផ្នែកលក់តាម [email protected] ababank.com។
អំពីពានរង្វាន់ Asia eCommerce Awards
ពានរង្វាន់ Asia eCommerce Awards រៀបចំដោយ MARKETING-INTERACTIVE ផ្តល់កិត្តិយសទៅដល់គំនិតផ្តួចផ្តើម/ការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មអេឡិកត្រូនិក ព្រមទាំងឆ្លុះបញ្ចាំងនូវវិសាលភាព និងភាពច្នៃប្រឌិតរបស់ឧស្សាហកម្ម និងបង្ហាញពីតួអង្គឆ្នើមនានាក្នុងឧស្សាហកម្ម ដែលមានចាប់ពីនិមិត្តសញ្ញា និងអ្នកលក់រាយ/ទីផ្សារ ដល់ទីភ្នាក់ងារ និងបុគ្គលមានសមត្ថភាពនានានៅប៉ែកអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។
ប្រភេទពានរង្វាន់នេះគ្របដណ្តប់លើវិសាលគមន៍ពេញលេញនៃគម្រោងពាណិជ្ជកម្មអេឡិកត្រូនិកនានា។ អ្នកចូលរួមទាំងអស់ត្រូវបានវាយតម្លៃ និងវិនិច្ឆ័យដោយក្រុមអ្នកទីផ្សារមានបទពិសោធ និងអ្នកជំនាញឧស្សាហកម្ម។