Global Finance ទទួលស្គាល់ ABA ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ជាលើកទីប្រាំ
03/Apr/2019
ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយ Global Finance ថាជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ2019” ដែលនេះគឺជាការផ្តល់ពានរង្វាន់ទីប្រាំជាប់ៗគ្នាសម្រាប់ ABA រាប់ចាប់តាំងពីឆ្នាំ 2015 មក។ ទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីការមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារដ៏មានភាពប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។
នៅក្នុងដំណើរការនៃការជ្រើសធនាគារកំពូលៗសម្រាប់ឆ្នាំ 2019នេះ Global Finance បានរួមបញ្ចូលការពិគ្រោះយោបល់ជាមួយប្រតិបត្តិករហិរញ្ញវត្ថុធំៗ, ធនាគារិក, និងអ្នកប្រឹក្សាយោបល់ ក៏ដូចជាអ្នកវិភាគនៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យមានអព្យាក្រិត្យភាពក្នុងការវាយតម្លៃធនាគារ ABA ទៅលើផ្នែកសំខាន់ៗជាច្រើនដូចជា វឌ្ឍនភាពនៃទ្រព្យសកម្ម, កម្រិតប្រាក់ចំណេញ, វិសាលភាពភូមិសាស្ត្រនៃប្រតិបត្តិការការងារ, ទំនាក់ទំនងជាយុទ្ធសាស្ត្រ, ការអភិវឌ្ឍផ្នែកធុរកិច្ចថ្មីៗ, និងការធ្វើនវានុវត្តន៍នៃផលិតផលរបស់ខ្លួន។ បន្ថែមពីលើនេះទៀត ទស្សនៈពីអ្នកវិភាគទ្រព្យសកម្មសុទ្ធ, អ្នកវិភាគចំណាត់ថ្នាក់ឥណទាន, ទីប្រឹក្សាធនាគារ, និងអ្នកជំនាញដទៃទៀតក្នុងឧស្សាហកម្មមួយនេះ ក៏ត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនៃការជ្រើសរើសវាយតម្លៃនេះផងដែរ។
មានមតិយោបល់នៅក្នុងឱកាសនេះ លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “នេះគឺជាសមិទ្ធផលដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់ធនាគារ ABA ដែលបានទទួលពានរង្វាន់ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ជាប់ៗគ្នាពី Global Finance។ ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងក្នុងការធ្វើឲ្យសេវារបស់ ABA កាន់តែមានគុណភាពប្រសើរឡើង និងបង្ហាញពីជំនឿទុកចិត្តក្នុងការបន្តគាំទ្ររបស់អតិថិជនមកលើធនាគារ ដែលនេះជាអ្វីដែលធ្វើឲ្យយើងពិតជាមានការពេញចិត្តយ៉ាងខ្លាំង។ ពានរង្វាន់ប្រាំលើកជាប់ៗគ្នានេះ បញ្ជាក់ឲ្យឃើញថា យើងពិតជាស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ហើយយើងនឹងបន្តពង្រឹងជំហររបស់យើងនៅក្នុងទីផ្សារបន្តទៀត។”
“ឥឡូវនេះ ដើម្បីក្លាយជាធនាគារមួយក្នុងចំណោមធនាគារដ៏ឆ្នើមបំផុតនៅក្នុងពិភពលោកកាន់តែមានភាពពិបាកជាងមុន។ ការរំពឹងរបស់អតិថិជនមកលើអ្នកផ្តល់សេវាផ្នែកហិរញ្ញវត្ថុកាន់តែកើនឡើងខ្ពស់ តួយ៉ាង ផលិតផលចំតម្រូវការ ទាមទារឲ្យផ្ដល់ជូនទាន់ពេលវេលានិងប្រកបដោយសុវត្ថិភាពបំផុត” នេះបើតាមប្រសាសន៍របស់លោក Joseph D. Giarraputo ដែលជានាយកផ្នែកបោះពុម្ពផ្សាយ និងជានិពន្ធនាយកនៃទស្សនាវដ្តី Global Finance។ “Global Finance’s Best Bank Awards នាពេលនេះស្ថិតនៅក្នុងឆ្នាំទី 26 របស់ខ្លួនហើយ ក្នុងការផ្តល់នូវការវិភាគបែបស៊ីជម្រៅជាបន្តបន្ទាប់ចំពោះស្ថាប័នដែលកំពុងធ្វើនវានុវត្តន៍ និងសម្របខ្លួនតាមលក្ខខណ្ឌនៃការផ្លាស់ប្តូរនេះ។”
បញ្ជីអ្នកឈ្នះពានរង្វាន់ទាំងអស់ដែលត្រូវបានជ្រើសរើសចេញពី 150 ប្រទេស នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្ដី Global Finance សម្រាប់ខែឧសភា។ ទស្សនាវដ្តីក៏នឹងរៀបចំកម្មវិធីផ្តល់ពានរង្វាន់ Best Bank 2019 Awards ផងដែរ ជាមួយគ្នានឹងការប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ/ធនាគារពិភពលោក នៅ National Press Club ក្នុងរដ្ឋវ៉ាស៊ីនតោនឌីស៊ី (Washington, DC) នៅថ្ងៃទី 19 តុលា ឆ្នាំ 2019។
អំពីទស្សនាវដ្តី Global Finance
Global Finance គឺជាទស្សនាវដ្តី ដែលបង្កើតឡើងតាំងពីឆ្នាំ 1987 ដែលមានការចែកចាយដល់ទៅ 50,050 ច្បាប់ និងអ្នកអានចំនួន 188 ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមានអធិបតី, អគ្គនាយក, នាយកប្រតិបត្តិ, នាយកហិរញ្ញវត្ថុ, ហេរញ្ញិក, និងមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ជាច្រើនដទៃទៀត ដែលមានតួនាទីសំខាន់ក្នុងការសម្រេចចិត្តលើការវិនិយោគ និងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងស្ថាប័នក្រុមហ៊ុនពហុអន្តរជាតិ និងស្ថានប័នហិរញ្ញវត្ថុនានា។ វិបសាយរបស់ Global Finance — GFMag.com - ផ្តល់នូវការវិភាគ និងអត្ថបទដែលជាកេរដំណែលនៃបទពិសោធ 32ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងផ្តល់នូវប្រភពទិន្នន័យដ៏មានតម្លៃនអំពីប្រទេសចំនួន 192។ Global Finance មានការិយាល័យកណ្តាលនៅទីក្រុងញូវយ៉ក ជាមួយនឹងការិយាល័យផ្សេងទៀតនៅក្នុងទីក្រុងឡុង និងមីលែនផងដែរ។