ធនាគារ ABAគាំទ្រ Mekong Business Challenge 2019 ដើម្បីលើកកម្ពស់ធុរកិច្ចថ្មីនៅក្នុងតំបន់
25/Mar/2019
នៅថ្ងៃសៅរិ៍ ទី 16 ខែមីនា ធនាគារ ABA បានក្លាយជាម្ចាស់ឧបត្ថម្ភក្នុងកម្មវិធី Mekong Business Challenge 2019 ដែលជាការប្រកួតប្រជែងផ្នែកសហគ្រិនភាពប្រចាំឆ្នាំឈានមុខគេមួយសម្រាប់និស្សិតសាកលវិទ្យាល័យនៅក្នុងតំបន់មេគង្គ។ ប្រព្រឹត្តិទៅនៅក្នុងទីក្រុងភ្នំពេញនៅក្នុងឆ្នាំនេះ ការប្រកួតប្រជែងមានគោលបំណងបំផុសគំនិត និងអប់រំនិស្សិតសហគ្រិនឆ្លាតវៃ ដែលចាប់ផ្តើមដំណើរការធុរកិច្ច និងការបណ្តាក់ទុនសង្គម ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមនៅក្នុងតំបន់។
ការប្រកួតប្រជែងបានទាក់ទាញក្រុមនិស្សិតពីសាកលវិទ្យាល័យចំនួន 11 ក្រុម (ដែលក្នុងនោះ កម្ពុជា 3ក្រុម វៀតណាម 2ក្រុម ភូមា 2ក្រុម ប៊ូតាន 2ក្រុម ថៃ 1ក្រុម និងឡាវ 1ក្រុម ) មកចូលរួមប្រកួត ដើម្បីចាប់យកឱកាសធ្វើជាតំណាងតំបន់ទៅប្រកួតនៅក្នុង The International Business Model Competition (IBMC) 2019 នៅសហរដ្ឋអាមេរិច ដែលជាការប្រកួតប្រជែងផ្នែកធុរកិច្ចថ្មីធំជាងគេបង្អស់នៅលើពីភពលោក។ គំនិតអាជីវកម្មដែលបានដាក់ចូលក្នុងការប្រកួតនៅក្នុងឆ្នាំនេះរួមមាន ការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទសម្រាប់ការអប់រំ និងទេសចរណ៍ ក៏ដូចជាដំណោះស្រាយក្នុងការធ្វើឲ្យប្រសើរឡើងនូវលក្ខណសុខាភិបាលសម្រាប់ព្យាបាលអ្នកមានជំងឺផាកឃីនសុន ជាដើម។
ថ្លែងនៅក្នុងប្រព្រឹត្តិការណ៍នេះ ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA លោក Igor Zimarev បានមានប្រសាសន៍ថា “Mekong Business Challenge គឺជាការផ្តួចផ្តើមដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់សហគ្រិននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ដោយស្របទៅតាមគោលនយោបាយវិភាគទានសង្គម និងគុណតម្លៃរបស់យើង ធនាគារ ABA ពិតជាមានភាពរីករាយក្នុងការជួយគាំទ្រព្រឹត្តិការណ៍បែបនេះ ហើយយើងក៏ចង់ឃើញយុវជនកម្ពុជាកាន់តែច្រើន ចូលរួមនៅក្នុងវិស័យធុរកិច្ចដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសបន្ថែមទៀត។”
ក្នុងចំណោម 11ក្រុម ដែលបានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ពួកគេទៅកាន់ក្រុមអ្នកវិនិច្ឆ័យ យើងឃើញថាក្រុម MM Tutors មកពីសាកលវិទ្យាល័យ Maritime University របស់ប្រទេសភូមា ជាអ្នកទទួលបានពានជើងឯកនិងមេដាយមាស ខណៈពេលដែលក្រុម Happy Walk មកពីសាកលវិទ្យាល័យ Mahidol University Thailand ទទួលបានមេដាយប្រាក់ និង Job Seekers មកពី Liger Leadership Academy Cambodia ទទួលបានមេដាយសំរឹត។ ក្រុម MM Tutors មកពីភូមា ពេលនេះទទួលបានការចេញថ្លៃសម្រាប់ដំណើរទៅកាន់សហរដ្ឋអាមេរិច ដើម្បីធ្វើការប្រកួតនៅក្នុងកម្មវិធី IBMC ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 2019 នាពេលខាងមុខនេះ។
“ក្រុមដែលចូលរួមប្រកូតប្រជែងនៅក្នុង Mekong Challenge ឆ្នាំនេះ ពិតជាមានភាពផុសផុល ដោយមានការបង្ហាញនូវគំនិតផ្សេងៗជាច្រើនទាក់ទងនឹងការអប់រំ បច្ចេវិទ្យាសុខាភិបាល កម្មវិធីទូរស័ព្ទដៃ កសិកម្ម និងសិល្បៈនៃការធ្វើម្ហូបជាដើម។ វាបង្ហាញឲ្យឃើញថា អនាគតនៃសហគ្រិនភាព និងការច្នៃប្រឌិតថ្មីនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងអនុតំបន់មេគង្គពិតជាមានភាពប្រសើរឡើង” នេះបើតាមសម្តីរបស់លោក Stephen Paterson អ្នកសំរបសំរួលកម្មវិធី Mekong Challenge។
រៀបចំដំបូងក្រោមឈ្មោះ Nation Business Plan Competition នៅក្នុងឆ្នាំ2006 ដោយសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្នុងទីក្រុងភ្នំពេញ ការប្រកួតប្រជែងនេះក្រោយមកត្រូវបានពង្រីកទៅកាន់ប្រទេសចំនួនប្រាំមួយ នៅក្នុងអនុតំបន់ទន្លេមេគង្គ និងបានរួមបញ្ចូលប្រទេស ប៊ូតានផងដែរ។ ជាមួយនឹងការលើកទឹកចិត្តដើម្បីលើកកម្ពស់ការផ្តួចផ្តើមរបស់និស្សិតក្នុងការចាប់ផ្តើមធុរកិច្ចរបស់ពួកគេនោះ វេទិកានេះបានតម្រូវឲ្យអ្នកចូលរួមរៀបចំគំរូធុរកិច្ចដែលមានភាពច្នៃប្រឌិតថ្មី ដោយប្រើវិធីសាស្ត្រ Lean Startup ដើម្បីពិសោធ និងស្វែងរកសុពលភាពនៃការសន្និដ្ឋានរបស់ពួកគេ មុននឹងពួកគេបន្តអនុវត្តគំនិតធុរកិច្ចរបស់ពួកគេទៅមុខទៀត។