ការប្រកួត ABA ITF Junior Series 2019 ជុំទីមួយប្រព្រឹត្តិទៅយ៉ាងជោគជ័យ
06/Mar/2019
ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ ABA Bank ITF Junior Series 2019 ជុំទីមួយបញ្ចប់ទៅបានយ៉ាងជោគជ័យនៅមជ្ឍមណ្ឌលកីឡាវាយកូនបាល់ជាតិក្នុងទីក្រុងភ្នំពេញ។ រៀបចំឡើងចាប់ពីថ្ងៃទី 16 កុម្ភៈ ដល់ ថ្ងៃទី 2 មីនា ព្រឹត្តិការណ៍នេះបានទាក់ទាញកីឡាករកីឡាការិនីជាង 100 នាក់ មកពី 20 ប្រទេស ដើម្បីចូលប្រកួតប្រជែងដណ្តើមជ័យលាភី និងដើម្បីធ្វើការសន្សំពិន្ទុសម្រាប់ ITF World Junior Ranking Points លំដាប់ពិភពលោក។ មានកីឡាករកីឡាការិនីតំណាងឲ្យកម្ពុជាចំនួន 19 នាក់បានចូលរួមនៅក្នុងវគ្គនេះ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនប្រកួតមក យើងបានរកឃើញជើងឯកជ័យលាភីដូចតទៅ៖ សម្រាប់ការប្រកួតមួយទល់នឹងមួយផ្នែកនារី កីឡាការិនី Lanlana Tararudee មកពីប្រទេសថៃបានទួលជ័យលាភីទាំងពីរសប្តាហ៍។ ចំណែកការប្រកួតមួយទល់នឹងមួយផ្នែកបុរស កីឡាករ Guntinun Soothinun-Opart មកពីប្រទេសថៃទទួលបានជ័យលាភីនៅក្នុងសប្តាហ៍ទីមួយ ចំណែកឯ Kai Shiang Yang មកពីតៃប៉ិ ជាអ្នកទទួលបានជ័យលាភីនៅក្នុងសប្តាហ៍ទីពីរ។
នៅក្នុងការប្រកួតជាដៃគូរពីរទល់នឹងពីរផ្នែកនារី ជ័យលាភីនៅក្នុងសប្តាហ៍ទីមួយបានទៅលើ Mariya Krasakova មកពីប្រទេសរុស្ស៊ី និង Wing Ka Lin មកពីហុងកុង ខណៈដែលជ័យលាភីសប្តាហ៍ទីពីរបានទៅលើ Xinyue Hu មកពីប្រទេសចិន និង Minami Tani មកពីប្រទេសជប៉ុន។ ចំណែកផ្នែកបុរស Possawat Akarapan និង Prachaya Baigong មកពីប្រទេសថៃជាអ្នកទទួលបានជ័យលាភីនៅក្នុងសប្តាហ៍ទីមួយ ចំណែកឯ Peerapat Dedthonglang និង Tanapatt Nirundorn មកប្រទេសថៃដដែល ទទួលបានជ័យលាភីនៅក្នុងសប្តាហ៍ទីពីរ។
កីឡាករកីឡាការិនីដែលទទួលជ័យលាភី រួមជាមួយកីឡាករកីឡាការិនីដទៃទៀត នឹងបន្តដំណើររបស់ពួកគេទៅប្រកួតនៅក្នុង ITF Junior Championship 2019 in Singapore ជាបន្តទៀត។
“យើងមានភាពរីករាយយ៉ាងខ្លាំងដែលព្រឹត្តិការណ៍ ABA Bank ITF Junior Series 2019 ប្រព្រឹត្តិទៅបានយ៉ាងជោគជ័យ និងបាននាំយកមកនូវអារម្មណ៍វិជ្ជមានជាច្រើន។ វាពិតជាមានភាពរីករាយមែនទែនក្នុងការទស្សនាការប្រកួតទាំងនេះ និងមានអារម្មណ៍ថាការប្រកួតមានការប្រជែងខ្ពស់” នេះបើតាម លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានមានប្រសាសន៍បន្ទាប់ពីផ្តល់រង្វាន់ជ័យលាភីដល់អ្នកឈ្នះចុងក្រោយ។ “បើទោះបីជាមិនមានកីឡាករកីឡាការិនីកម្ពុជាបានឈានទៅដល់វគ្គប្រកួតចុងក្រោយក៏ដោយ ប៉ុន្តែយើងបានឃើញយ៉ាងច្បាស់ថា សមត្ថភាពនិងជំនាញរបស់ពួកគេមានការកើនឡើងពីមួយពេលទៅមួយពេល។ យើងសង្ឃឹមថា ការចូលរួមរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍បែបនេះ នឹងជួយពួកគេឲ្យទទួលបានបទពិសោធ និងការអនុវត្តបន្ថែម ហើយនឹងឈានទៅដល់ការទទួលបានជ័យលាភីនាពេលអនាគត” គាត់បានបន្ថែម។
“រយៈពេលពីរសប្តាហ៍នៃការប្រកួតវាយកូនបាល់ ITF Junior Series 2019 នេះ បានបង្ហាញពីភាពជោគជ័យយ៉ាងច្រើនសម្រាប់យើង។ ទីមួយ យើងទទួលបានចំនួនកីឡាករកីឡាការិនីកម្ពុជាចូលរួមច្រើនបើប្រៀបធៀបជាមួយនឹងប្រព្រឹត្តិការណ៍មុនៗ ដែលធ្វើឲ្យយើងមានភាពសប្បាយរីករាយ។ ទីពីរ ចំនួនកីឡាករកីឡាការិនីអន្តរជាតិក៏មានចំនួនច្រើនផងដែរ ដែលក្នុងសប្តាហ៍ទីមួយមានអ្នកចូលរួមសរុបចំនួនដល់ទៅ 111 នាក់” នេះបើតាមអនុសាសន៍របស់លោក ម៉ម ផល្គុន នាយកផ្នែកបច្ចេកទេសនៅសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
ព្រឹត្តិការណ៍ ABA Bank ITF Junior Series 2019 ចំនួនពីរទៀតនឹងប្រព្រឹត្តិទៅក្នុងអំឡុងខែ វិច្ឆិកា និង ខែ ធ្នូ នាពេលខាងមុខនេះ។