ABA ធ្វើជាដៃគូរបស់ IDP ក្នុងការរៀបចំ សន្និបាតបញ្ញវន្តពិភពលោក 2019
28/Oct/2019
ដើម្បីគាំទ្រដល់ការអប់រំ និងការអភិវឌ្ឍការងារសម្រាប់យុវជនកម្ពុជា ធនាគារ ABA បានចូលរួមសហការជាដៃគូជាមួយ IDP Education (Cambodia) ដើម្បីរៀបចំ សន្និបាតបញ្ញវន្តពិភពលោក (GAC) លើកទី 5 ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Sofitel Phokeethra ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី 25 – 26 ខែតុលា ឆ្នាំ 2019។
សន្និបាត GAC ឆ្នាំនេះ បានបញ្ចូលនូវការតាំងពិព័រណ៍ការសិក្សានិងការងារ និងការជួបជុំបញ្ញវន្តជាសាកល ក្នុងគោលបំណងដាក់បង្ហាញពីជម្រើសនៃការអប់រំលំដាប់ពិភពលោក របស់ស្ថាប័នអប់រំអន្តរជាតិជាច្រើន ជូនដល់សិស្សនិស្សិតនិងអ្នកបម្រើការងារអាជីព ដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេនៅប្រទេសក្រៅ។ អ្នកចូលរួមបានទទួលព័ត៌មានដ៏មានប្រយោជន៍យ៉ាងច្រើនអំពីកម្មវិធីសិក្សា តម្រូវការសម្រាប់ការដាក់ពាក្យចូលរៀន ដំណើរការទិដ្ឋាការ និងជម្រើសអាហារូបករណ៍ ដែលមានផ្តល់ជូននៅស្តង់សាកលវិទ្យាល័យអន្តរជាតិពីប្រទេសផ្សេងៗ។
បន្ថែមពីលើនេះទៀត សន្និបាត GAC ក៏មានរៀបចំការពិភាក្សាជាក្រុមពិសេស ដែលមានវាគ្មិនជាបញ្ញវន្តជោគជ័យ និងនិយោជកមកពីក្រុមហ៊ុនផ្សេងៗ ដើម្បីផ្តល់ព័ត៌មានស៊ីជម្រៅពីការអភិវឌ្ឍជំនាញ ចក្ខុវិស័យនិងការៀបគម្រោងការងារ ក៏ដូចជាជម្រើសការងារផ្សេងៗ។ ប្រធាននាយកដ្ឋានធនធានមនុស្សរបស់ធនាគារ ABA លោកស្រី លី វិទ្យា ក៏បានធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនទាំងអស់ ដើម្បីចែករំលែកទស្សនៈរបស់លោកស្រី អំពីជំនាញដែលចាំបាច់នៅក្នុងធនាគារនាពេលបច្ចុប្បន្ននិងអនាគត ដល់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចង់ធ្វើការនៅវិស័យនេះផងដែរ។
មានអ្នកចូលរួមជាង 2,000 នាក់និងស្ថាប័នអប់រំអន្តរជាតិចំនួន 70 បានប្រមូលផ្តុំគ្នានៅសន្និបាត GAC របស់ IDP Education នៅក្នុងឆ្នាំនេះ។ IDP Education បានរៀបចំសន្និបាត GAC ឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ 2015 មក ហើយវាបានក្លាយជាវេទិកាដ៏មានប្រជាប្រិយភាពមួយ សម្រាប់ភ្ជាប់បណ្តាញធុរកិច្ច និងឱកាសអប់រំកម្រិតអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។