ក្រុមការងារ ABA ចែករំលែកបទពិសោធ ដល់ធុរកិច្ចជនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម
23/Sep/2019
ដើម្បីជួយគាំទ្រដល់ធុរកិច្ចជនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឲ្យទទួលបានអតិថិជនថ្មីៗសម្រាប់អាជីវកម្មរបស់ពួកគាត់ ក្រុមការងារផ្នែកអាជីវកម្មរបស់ធនាគារ ABA មានកិត្តិយសបានចូលរួមជាវាគ្មិនក្នុង សិក្ខាសាលាអាជីវកម្ម រៀបចំឡើងដោយ ពាណិជ្ជករឈានមុខកម្ពុជា (CLEA) កាលពីថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីពាណិជ្ជករ ឬធុរកិច្ចជនប្រមាណជា 100នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ (CKCC) ។
ក្រោមប្រធានបទ“ បង្កើនអតិថិជនថ្មីតាមរយៈអតិថិជនចាស់” សិក្ខាសាលាមានគោលបំណង នាំវាគ្មិនដែលពាក់ព័ន្ធចូលរួមចែករំលែកបទពិសោធនិងចំណេះដឹងដល់ពាណិជ្ជករសហគ្រាសធុនតូច និងធម្យមក្នុងស្រុក ពាក់ព័ន្ធនឹងរបៀបដែលពួកគេអាចទទួលបានអតិថិជនថ្មី និងរក្សាអតិថិជនចាស់ ព្រមជាមួយគុណភាពផលិតផល និងសេវាកម្ម។
នៅក្នុងសិក្ខាសាលា ក្រុមការងារផ្នែកអាជីវកម្មរបស់ធនាគារ ABA ដឹកនាំដោយ លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានចូលរួមធ្វើជាវាគ្មិនជំនាញក្នុងចំណោមវាគ្មិនដទៃទៀតដើម្បីចែករំលែកពីវិធីសាស្ត្រនិងមេរៀនល្អៗរបស់ធនាគារ ABA ក៏ដូចជាការបង្ហាញពីរបៀបដែលផលិតផល និងសេវាកម្មរបស់ធនាគារ អាចជួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងកិច្ចការគ្រប់គ្រងនិងពង្រីកអាជីវកម្មរបស់ពួកគេយ៉ាងមានប្រសិទ្ធភាពនិងមានប្រសិទ្ធផល។
CLEA គឺជាវិទ្យាស្ថានបណ្តុះបណ្តាលមួយដែលបានបង្កើតឡើងក្នុងឆ្នាំ2016 ដើម្បីផ្តល់នូវវគ្គសិក្សាខ្លីៗ និងសិក្ខាសាលាផ្សេងៗគ្នា សម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ចាប់ពីពេលនោះមក CLEA ក៏បានបង្កើតទំនាក់ទំនងយ៉ាងរឹងមាំ រវាងម្ចាស់អាជីវកម្មកម្ពុជានិងបរទេស ដើម្បីសហការគ្នាកាន់តែប្រសើរនិងធ្វើឲ្យអាជីវកម្មរបស់កម្ពុជាត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។