​ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​ CGCC​ ដើម្បី​ផ្ដល់​ការ​គាំទ្រ​កម្ចី​បន្ថែម​ដល់​បណ្ដា​អាជីវកម្ម​

11/Nov/2021

ABA​ Bank​ partners​ with​ CGCC 1ABA​ Bank​ partners​ with​ CGCC 1
ABA​ Bank​ partners​ with​ CGCC 2ABA​ Bank​ partners​ with​ CGCC 2
ABA​ Bank​ partners​ with​ CGCC 4ABA​ Bank​ partners​ with​ CGCC 4
ABA​ Bank​ partners​ with​ CGCC 5ABA​ Bank​ partners​ with​ CGCC 5
ABA​ Bank​ partners​ with​ CGCC 3ABA​ Bank​ partners​ with​ CGCC 3

ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ឈានមុខ​ក្នុង​ប្រទេស​កម្ពុជា​ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​(CGCC)​ ជា​សហគ្រាស​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន​កាលពី​ថ្ងៃ​ទី​ 11​ ខែ​ វិឆ្ឆិកា​ ឆ្នាំ​ 2021​។​ ក្រោម​កិច្ចព្រមព្រៀង​នេះ​ ធនាគារ​ ABA​ នឹង​ផ្ដល់​ប្រាក់​កម្ចី​ដែល​ធានា​ដោយ​ CGCC​ ដើម្បី​គាំទ្រ​ដល់​បណ្ដា​សហគ្រាស​មីក្រូ​,​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សាជីវកម្ម​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ ការ​វិនិយោគ​ និង​សម្រាប់​ជា​ទុន​បង្វិល​។​

​ភាព​ជា​ដៃគូ​នេះ​ អាច​ឲ្យ​ធនាគារ​ ABA​ គាំទ្រ​ និង​ជួយ​ដល់​អាជីវកម្ម​ដែល​មាន​លទ្ធភាព​បង់​សង​ តែ​ខ្វះ​ទ្រព្យ​តម្កល់​នៅ​ពេល​ស្នើ​សុំ​ប្រាក់​កម្ចី​ ដោយ​ប្រើប្រាស់​គម្រោង​ធានា​ឥណទាន​របស់​ CGCC​។​ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ ធនាគារ​ ABA​ អាច​ជួយ​អាជីវកម្ម​ជា​ច្រើន​ ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ដោយ​ផ្ដល់​ជូន​ពួក​គេ​នូវ​កម្មវិធី​ដែល​អាច​ទទួល​បាន​ និង​កាន់តែ​រហ័ស​ ថែម​ទាំង​ទទួល​បាន​កម្ចី​ខ្ពស់​ទៅ​លើ​វិស័យ​ដែល​ជា​អាទិភាព​។​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ​ និង​ជា​គោលដៅ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​។​ ដោយសារ​ការ​គ្រប់គ្រង​បទ​ប្បញ្ញត្តិ​ និង​ហានិភ័យ​ ធនាគារ​តម្រូវ​ឲ្យ​អ្នក​ដែល​មាន​បំណង​ខ្ចីប្រាក់​ត្រូវ​គោរព​តាម​បញ្ជី​លក្ខណ​វិនិច្ឆ័យ​ រួម​មាន​ប្រវត្តិ​ឥណទាន​ ស្ថានភាព​ហិរញ្ញវត្ថុ​ និង​ទ្រព្យ​តម្កល់​។​មិនមែន​គ្រប់​អាជីវកម្ម​ សុទ្ធតែ​អាច​បំពេញ​តាម​លក្ខណ​វិនិច្ឆ័យ​ទាំងនេះ​ទេ​ ខណៈ​ដែល​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​ 19​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​កាន់តែ​ច្រើន​។​ គម្រោង​ធានា​ឥណទាន​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្ដល់​ជា​យន្ដការ​ចែករំលែក​ហានិភ័យ​រវាង​ធនាគារ​ ABA​ និង​ CGCC​ ដែល​បណ្ដា​អាជីវកម្ម​មិន​គ្រប់លក្ខណ​វិនិច្ឆ័យ​ក្នុង​ការ​ខ្ចីប្រាក់​ នៅ​តែ​អាច​ស្នើ​សុំ​ខ្ចី​បាន​ពី​ធនាគារ​ ABA​ បាន​។​ ធនាគារ​នឹង​ពិចារណា​លើ​សំណើ​ទាំងនោះ​ដោយ​ផ្អែក​លើ​គោលនយោបាយ​ឥណទាន​ របស់​ខ្លួន​ និង​ការ​វាយតម្លៃ​សំណើ​កម្ចី​ ខណៈ​ដែល​យើង​ផ្ដល់​អាទិភាព​ចម្បង​លើ​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម​។​”

លោក​បន្ថែម​ទៀត​ថា​៖​ “​យើងខ្ញុំ​ នៅ​ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​ CGCC​ ក្នុង​ការ​ផ្តល់​ជូន​បណ្ដា​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​ជាមួយនឹង​ការ​ស្នើ​សុំ​កម្ចី​កាន់តែ​ងាយស្រួល​ជាង​មុន​ និង​ដើម្បី​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ដែល​ស្រប​នឹង​បេសកកម្ម​ និង​គុណ​តម្លៃ​សាជីវកម្ម​របស់​យើង​។​”

​លោក​ Wong​ Keet​ Loong​ នាយក​ប្រតិបត្តិ​ CGCC​ បាន​បញ្ជាក់​ថា​៖​ “CGCC​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ គោលបំណង​បង្កើន​កំណើន​ប្រាក់​កម្ចី​ក្នុង​វិស័យ​ធនាគារ​។​ ជាមួយ​គម្រោង​ធានា​ឥណទាន​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ផ្ដល់​កម្ចី​កម្រិត​ខ្ពស់​ជាង​មុន​។​ ខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​បើក​ដំណើរការ​ឡើង​វិញ​ម្ដងទៀត​ តម្រូវការ​ប្រាក់​កម្ចី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ពង្រីក​អាជីវកម្ម​កាន់តែ​មានការ​កើនឡើង​។​”

លោក​បន្ថែម​ទៀត​ថា​៖​ “​សេវា​ធានា​ឥណទាន​របស់​ CGCC​ នឹង​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ទ្រព្យ​តម្កល់​សម្រាប់​កម្ចី​ ធនាគារ​ ដូច្នេះ​វា​ជួយ​កាត់​បន្ថយ​ទ្រព្យ​តម្កល់​ដែល​តម្រូវ​ពី​អ្នក​ខ្ចី​។​ ធនាគារ​ ABA​ ដែល​ជា​ធនាគារ​ លំដាប់​កំពូល​មួយ​ មាន​កំណើន​កម្ចី​រឹង​មាំ​ និង​មាន​បណ្ដាញ​សាខា​ទូលំទូលាយ​ នឹង​ក្លាយជា​យុទ្ធសាស្ដ្រ​ របស់​យើង​ក្នុង​ការ​សម្រេច​គោលបំណង​នេះ​។​ យើង​សង្ឃឹមថា​ ភាព​ជា​ដៃគូ​នេះ​នឹង​ជួយ​ដល់​សហគ្រាស​ ធុន​តូច​ និង​មធ្យម​ជា​ច្រើន​បន្ថែម​ទៀត​។​”

ក្នុង​ខែ​ មីនា​ ឆ្នាំ​ 2021​ CGCC​ បាន​ដាក់​ឲ្យ​ដំណើរការ​គម្រោង​ឥណទាន​ទី​ 1​ ហៅ​ថា​ គម្រោង​ធានា​ ឥណទាន​ដើម្បី​ស្ដារ​អាជីវកម្ម​ (BRGS)​ ដែល​មាន​ទឹកប្រាក់​សរុប​ 200​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ទ្រ​ទង់​ ដល់​គ្រប់​អាជីវកម្ម​ រួម​មាន​ អាជីវកម្ម​ខ្នាត​មីក្រូ​ ខ្នាត​តូច​ និង​មធ្យម​ និង​សាជីវកម្ម​ធំៗ​ ក្នុង​ការ​ដំណើរការ​ ស្នើ​សុំ​កម្ចី​កាន់តែ​ងាយស្រួល​ ពី​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ (PFIs)​។​ ដើម្បី​ពង្រីក​ការ​គាំទ្រ​ដល់​សហគ្រាស​ ធុន​តូច​ និង​មធ្យម​ គម្រោង​ធានា​ឥណទាន​សម្រាប់​សហ​ហិរញ្ញប្បទាន​(CFGS)​ ដែល​ជា​គម្រោង​ធានា​ ឥណទាន​ទី​ 2​ ត្រូវ​បាន​ដាក់​ដំណើរការ​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ 2021​ សម្រាប់​ធានា​ដល់​ឥណទាន​ក​ម្រោ​ង​គម្រោង​សហ​ហិរញ្ញប្បទាន​ ជំហាន​ទី​ 2​។​ ក្រោម​កិច្ចព្រមព្រៀង​នេះ​ ធនាគារ​ ABA​ ក្លាយជា​គ្រឹះស្ថាន​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ទាំង​ 19​ ដែល​បាន​ប្ដេជ្ញា​ផ្ដល់​ភាព​ងាយស្រួល​ដល់​ដំណើរការ​ទទួល​កម្ចី​ សម្រាប់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​មេរោគ​កូ​វី​ដ​ 19​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សេវាកម្ម​ដែល​ផ្ដល់​ជូន​ដោយ​ CGCC​ និង​ ABA​ សូម​ទូរស័ព្ទ​មក​កាន់​ 023​ 722​ 123​ សម្រាប់​ CGCC​ ឬ​ 023​ 225​ 333​ សម្រាប់​ ABA​។​

អំពី​ CGCC
CGCC​ គឺជា​សាជីវកម្ម​ធានា​ឥណទាន​ដំបូង​បង្អស់​របស់​កម្ពុជា​ និង​ជា​សហគ្រាស​សាធារណៈ​ ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ បេសកកម្ម​ចម្បង​របស់​ CGCC​ គឺ​ផ្ដល់​ការ​ធានា​ឥណទាន​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ (PFIs)​ ដើម្បី​គាំទ្រ​ និង​ទ្រទ្រង់​ដល់​អាជីវកម្ម​ដែល​មាន​លទ្ធភាព​សង​តែ​ខ្វះ​ទ្រព្យ​តម្កល់​ពេល​ស្នើ​សុំ​ប្រាក់​កម្ចី​។​
​ម្ចាស់​អាជីវកម្ម​ដែល​មាន​សញ្ជាតិ​ខ្មែរ​ (​កាន់កាប់​ភាគហ៊ុន​លើស​ពី​ 50%)​ រួម​ទាំង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់​ស្នើ​កម្ចី​មានការ​ធានា​ពី​ធនាគារ​ ABA​ ដោយ​ចូល​ទៅ​កាន់​ www.ababank.com​ ឬ​ www.cgcc.com.kh​ សម្រាប់​ព័ត៌មាន​បន្ថែម​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ 22​ ខែ​ តុលា​ 2021​ CGCC​ បាន​ផ្ដល់​ការ​ធានា​លើ​កម្ចី​ដល់​អាជីវកម្ម​ជាង​ 108​ ដែល​គិត​ជា​ទឹកប្រាក់​ជាង​ 14​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ក្នុង​នោះ​ផង​ដែរ​ ការ​ធានា​លើ​កម្ចី​ភាគច្រើន​បំផុត​ ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​សហគ្រាស​ធុន​តូន​ និង​មធ្យម​ ស្មើនឹង ​94%​ នៃ​ចំនួន​អាជីវកម្ម​សរុប​ដែល​បាន​ទទួល​ការ​ ធានា​ពី​ CGCC​។​