ABA​ ដាក់ឲ្យប្រើប្រាស់សេវា​ផ្ទេរ​ប្រាក់ភ្លាមៗ ​តាមមុខងារ​ Visa​ Direct

23/Jun/2020

​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​ចល័ត​កាន់តែ​ប្រសើរ​ ធនាគារ​ ABA​ អនុញ្ញាត​នូវ​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ជំនាន់​ថ្មី​ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូទាត់​ភ្លាមៗ​របស់​ក្រុមហ៊ុន​ Visa​ គឺ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​។​ ចាប់ពី​ថ្ងៃ​ទី​ 23​ មិថុនា​ 2020​ អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ដែល​មាន​កាត​ ABA​ Visa​ អាច​ផ្ញើ​ ឬ​ទទួល​ប្រាក់​បាន​ភ្លាមៗ​រវាង​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបួន​។

​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ជា​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន​ Visa​ សម្រាប់​ប្រតិបត្តិការ​ពី​ម្នាក់​ទៅ​ម្នាក់​(P2P)​ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​កាត​ ABA​ Visa​ ធ្វើការ​ទូទាត់​ ឬ​ផ្ទេរ​ប្រាក់​ស្ទើរតែ​ភ្លាមៗ​ពី​កម្មវិធី​ ABA​ Mobile​ ទៅ​កាត​ Visa​ ដទៃ​ផ្សេង​ទៀត​ដែល​ចេញ​ដោយ​ធនាគារ​នានា​នៅ​ក្នុង​ប្រទេស​ កម្ពុជា ថៃ​ វៀតណាម​ ឡាវ​ ភូមា​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វី​លី​ពី​ន​។​

តាម​រយៈ​សេវាកម្ម​នេះ​ អតិថិជន​អាច​ផ្ទេរ​ប្រាក់​រហូត​ដល់​ 2,500​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​និង​រហូត​ដល់​ 10,000​ ដុ​ល្ហា​រ​ក្នុង​មួយ​ខែ​ ដោយ​មាន​តម្លៃ​សមរម្យ​។​

លោក​ Sanzhar​ Abdullayev​ នាយក​គ្រប់គ្រង​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​កិច្ចសហការ​ជោគជ័យ​ និង​រយៈពេល​យូរអង្វែង​ជាមួយ​ក្រុមហ៊ុន​ Visa​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គំនិត​ផ្តួចផ្តើម​សេវា​ទូទាត់​នវានុវត្តន៍​ជា​ច្រើន​នា​ពេល​កន្លង​មក​។​ សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ នឹង​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ ដោយសារ​សេវាកម្ម​នេះ​ដំណើរការ​ស្ទើរតែ​ភ្លាមៗ​ដោយ​មាន​តម្លៃ​សមរម្យ​ ហើយ​អ្វី​ដែល​សេវាកម្ម​នេះ​ត្រូវការ​នោះ​ គឺ​លេខ​កាត​ Visa​ 16​ ខ្ទង់​ដែល​ទទួល​ថវិកា​ដែល​ផ្ទេរ​ឆ្លង​ដែន​នោះ​។​ យើង​កំពុង​ប្រឹងប្រែង​ពង្រីក​សេវាកម្ម​នេះ​ទៅ​កាន់​ប្រទេស​នានា​បន្ថែម​ទៀត​ដោយ​ដឹង​ថា​ សេវាកម្ម​ប្រាកដជា​បង្កើត​នូវ​តម្រូវការ​កាន់តែ​ច្រើន​ក្នុង​ចំណោម​អតិថិជន​របស់​យើង​នា​ពេល​អនាគត​”​។​

​លោកស្រី​ Monika​ Chum​ នាយក​ក្រុមហ៊ុន​ Visa​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ “​នៅ​ក្រុមហ៊ុន​ Visa​ យើង​មាន​មោទនភាព​ក្នុង​ការ​រួមចំណែក​ចំពោះ​ការ​ពង្រីក​ជាស​កល​នូវ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ទូទាត់​តាម​ឌី​ជី​ថ​ល​កាន់តែ​រហ័ស​ និង​ងាយស្រួល​សម្រាប់​ទាំង​អតិថិជន​ និង​ពាណិជ្ជករ​។​ ការ​អនុវត្ត​នូវ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​ពី​ម្នាក់​ទៅ​ម្នាក់​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ប្រសិទ្ធភាព​ ព្រមទាំង​ផ្តល់​ជូន​ពាណិជ្ជករ​នូវ​វិធីសាស្ត្រ​ទទួល​ការ​ទូទាត់​ផ្ទាល់​ពី​អតិថិជន​ក្នុង​តម្លៃ​ទាប​មួយ​។​ យើង​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ ABA​ ក្នុង​ការ​ពង្រីក​ និង​វិ​វត្ត​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់​តាម​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​ទន្ទឹងរង់ចាំ​មើលឃើញ​នូវ​ការ​បន្ត​ប្រើប្រាស់​ថ្នាក់​តំបន់​នូវ​ការ​ទូទាត់​បែប​ទំនើប​នៅ​ពេល​មួយ​ដែល​អាជីវកម្ម​ និង​សហគមន៍​នានា​ត្រូវការ​សេវាកម្ម​នេះ​ខ្លាំង​បំផុត​”​។​

​បទ​ពិសោធ​ថ្មី​ក្នុង​ការ​ផ្ទេរ​ប្រាក់​តាម​ឌី​ជី​ថ​ល​ដ៏​ងាយស្រួល​តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ មាននៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ សម្រាប់​ទាំង​ឧ​បរ​កណ៍​ចល័ត​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ និង​ Android​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវាផ្ទេរប្រាក់ Visa​ Direct​។​