​ធនាគារ​ ABA​ រួម​ជាមួយ​អតិថិជន របស់​ខ្លួន​បរិច្ចាគ​ 18,000​ ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​

02/Apr/2020

អំឡុង​ពេល​ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​។​ នៅ​ថ្ងៃ​ទី​ 26​ មីនា​ ធនាគារ​ ABA​ បាន​បើក​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​ដែល​គោលដៅ​ដំបូង​របស់​យើង​គ្រោង​រៃ​អង្គាសប្រាក់​ចំនួន​ 5,000​ ដុល្លារ​ ហើយ​ធនាគារ​នឹង​បន្ថែម​បង្គ្រប់​ឲ្យ​បាន​ 10,000​ ដុល្លារ​ ជូន​ក្រសួងសុខាភិបាល​។​

​ដោយសារ​មានការ​ចូលរួម​ដ៏​លើសលប់​នោះ​ យើង​អាច​សម្រេច​ និង​លើស​គោលដៅ​ដំបូង​ 5,000​ ដុល្លារ​ ក្នុង​រយៈពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង​។​ អតិថិជន​របស់​យើង​រាប់រយ​នាក់​បាន​ចូលរួម​បរិច្ចាគ​បាន​ចំនួន​ 9,000​ ដុល្លារ​ ហើយ​ខាង​ធនាគារ​ ABA​ សម្រេចចិត្ត​បន្ថែម​ពាក់កណ្ដាល​ទៀត​ ឲ្យ​គ្រប់​ចំនួន​សរុប​ 18,000​ ដុល្លារ​ ដើម្បី​ប្រគល់​ជូន​ក្រសួងសុខាភិបាល​សម្រាប់​ចំណាយ​លើ​ផ្នែក​វេជ្ជសាស្ត្រ​ចាំបាច់​សម្រាប់​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​នេះ​។​

សូម​អរគុណ​ជា​អនេកប្បការ​ជា​ថ្មី​ម្តងទៀត​ចំពោះ​អតិថិជន​គ្រប់​រូប​ដែល​បាន​ចូលរួម​ក្នុង​ការ​រៃ​អង្គាសប្រាក់​នេះ​!

​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​នៅ​តែ​បន្ត​ ហើយ​យើង​បន្ត​ស្វាគមន៍​អតិថិជន​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​ចូលរួម​បរិច្ចាគ​យ៉ាង​ងាយស្រួល​ដោយ​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម​៖

  1. ​បើក​ ABA​ Mobile​ ហើយ​ចុច​លើ​ប៊ូ​តុង​ ទូទាត់​ប្រាក់​។
  2. ​ចូល​ទៅ​កាន់​ សប្បុរសធម៌​ &​ ការ​បរិច្ចាគ​។
  3. ចុច​លើ​ “ABA​ ANTI-COVID-19”។
  4. ​ជ្រើសរើស​គណនី​ដែល​អ្នក​ចង់​ធ្វើការ​បរិច្ចាគ​ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ និង​ចំនួន​ទឹកប្រាក់​។
  5. ​ចុច​ “​បង់​ឥឡូវ​”​ ហើយ​បញ្ជាក់​ជាមួយ​លេខ​កូដ​ PIN​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។

​យើង​នឹង​ប្រគល់​ប្រាក់​ដែល​ទទួល​បាន​ជូន​ក្រសួងសុខាភិបាល​ជា​រៀង​រាល់​ខែ​ដោយ​ជូនដំណឹង​លោក​អ្នក​អំពី​ចំនួន​ទឹកប្រាក់​ដែល​ទទួល​បាន​។​

​រួម​គ្នា​ដើម្បី​សង្គម​យើង​វិល​ទៅ​រក​សុខុមាលភាព​!