ធនាគារ​ ABA​ ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ ITF​ Junior​ Series​ 2019

15/02/2019

aba itf juniors 2019 2 KH

ធនាគារ​ ABA​ ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការណ៍​ ITF​ Junior​ Series​ 2019​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ប្រកួត​នេះ​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ “ABA​ Bank​ ITF​ Junior​ Series​ 2019”​ ហើយនឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចន្លោះ​ពី​ខែ​ កុម្ភៈ​ ដល់​ខែ​ មីនា​ និង​ពី​ចន្លោះ​ពី​ខែ​ វិច្ឆិកា​ ដល់​ខែ​ ធ្នូ​ នៅ​រាជធានី​ភ្នំពេញ​។​

​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​អន្តរជាតិ​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ ផ្ដល់​ការ​ប្រកួតប្រជែង​បន្ថែម​សម្រាប់​កីឡាករ​ក្មេងៗ​ដែល​មាន​វ័យ​ចន្លោះ​ពី​ 13​ ដល់​ 18​ឆ្នាំ​ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ចាប់​យក​អាជីព​វិជ្ជាជីវៈ​របស់​ពួក​គេ​។​ព្រឹត្តិការណ៍​ប្រកួត​ក្នុងឆ្នាំនេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​ ហើយ​ត្រូវ​បាន​ចែក​ជា​បួន​ព្រឹត្តិការណ៍​ ដោយ​ពីរ​ព្រឹត្តិការណ៍​ដំបូង​ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ 16​ ខែ​ កុម្ភៈ​ ដល់​ថ្ងៃ​ទី​ 2​ ខែ​ មីនា​ ឆ្នាំ​2019​ ខណៈ​ដែល​ពីរ​ព្រឹត្តិការណ៍​ចុង​ក្រោយ​ នឹង​ធ្វើ​ឡើង​ពី​ខែ​ វិច្ឆិកា​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​2019​។​

​មាន​មតិ​ក្នុង​ឱកាស​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​លើក​ឡើង​ថា​ “​យើងខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​ និង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ដែល​ឈ្មោះ​ធនាគារ​យើង​ត្រូវ​បាន​យក​មក​ដាក់​ជា​ឈ្មោះ​ព្រឹត្តិការណ៍​របស់​ ITF​ Junior​ Series​ 2019​។​ ABA​បាន​ចាប់ផ្ដើម​ឧបត្ថម្ភ​គាំទ្រ​ចលនា​វាយ​កូន​បាល់​ដំបូង​តាំងពី​ឆ្នាំ​2016​ ហើយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​កីឡា​មួយ​នេះ​ ដើម្បី​ជួយ​បណ្ដុះ​ភាព​អំណត់​អត់ធ្មត់​,​ ឆន្ទៈ​ឆ្ពោះទៅ​រក​ជ័យជម្នះ​,​ និង​ការ​គោរព​ចំពោះ​ដៃគូ​ប្រកួត​។​ យើងខ្ញុំ​សង្ឃឹម​ជឿជាក់​ថា​ នឹង​មាន​កីឡាករ​ កីឡាការិនី​ខ្មែរ​កាន់តែ​ច្រើន​ឡើងៗ​ ចូលរួម​ប្រកួតប្រជែង​លើ​ទីលាន​ប្រកួត​ ITF​ Juniors​ Series​ ដើម្បី​លើក​មុខមាត់​កម្ពុជា​នៅ​ក្នុង​វិស័យ​កីឡា​អន្តរជាតិ​នេះ​។​”

​លោក​ ឧកញ៉ា​ សៀ​ រិ​ទ្ធី​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ “​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ សូម​សំដែង​ការ​កោតសរសើរ​ និង​អរគុណ​ដល់​ធនាគារ​ ABA​ ដែល​បាន​បង្កើន​ការ​គាំទ្រ​ និង​ចូលរួម​ក្នុង​ការ​ផ្ដួចផ្ដើម​របស់​សហព័ន្ធ​យើងខ្ញុំ​ក្នុង​រយៈពេល​ 4​ ឆ្នាំ​កន្លង​មកនេះ​។​ កន្លង​មក​ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​ដូច​ជា​ ITF​ Futures,​ ITF​ Juniors,​ ITF​ Team​ Competitions,​ Asian​ Tennis​ Federation​ Administrative​ Workshops​ និង​សកម្មភាព​ជា​ច្រើន​ទៀត​ដែល​ទទួល​បានការ​គាំទ្រ​ពី​ធនាគារ​ ABA​។​”

​លោក​បាន​បន្ថែម​ទៀត​ថា​ “​ក្រោយ​ការ​ផ្លាស់​ប្ដូរ​ពី​ ITF​ Futures​ ទៅ​ជា​ ITF​ Juniors​ នៅ​ក្នុង​ឆ្នាំ​ 2016​ យើង​មិន​គ្រាន់តែ​បាន​បន្ត​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា​ យើង​មាន​លទ្ធភាព​អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ ជា​ពិសេស​យើង​បាន​បង្ហាញ​ដល់​កីឡាករ​ កីឡាការិនី​វ័យក្មេង​ឲ្យ​ឃើញ​ថា​ យើង​ពិតជា​មាន​មា​គា​៌​អភិវឌ្ឍ​កីឡា​វាយ​កូន​បាល់​នេះ​សម្រាប់​ពួក​គេ​។​ ហើយ​ការ​ដែល​មាន​ ABA​ មក​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ទាំង​បួន​ព្រឹត្តិការណ៍​នៃ​ ITF​ Junior​ Series​ របស់​យើង​គឺជា​ភ័ស្តុតាង​មួយ​បញ្ជាក់​ថា​ ពួក​គេ​បាន​យល់​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​របស់​កីឡា​ និង​ ភាព​ចាំបាច់​នៃ​ការ​បង្កើត​វប្បធម៌​កីឡា​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​យុវជន​កម្ពុជា​ ជា​ពិសេស​កីឡា​វាយ​កូន​បាល់​នេះ​។​”

​មាន​កីឡាករ​ជាង​ 100​ រូប​ មក​ពី​ 20​ ប្រទេស​ផ្សេងៗ​គ្នា​ ដូច​ជា​ កម្ពុជា​,​ ម៉ា​ឡេ​ស៊ី​,​ ចិន​,​ ជប៉ុន​,​ ថៃ​,​ ឥណ្ឌូ​នេ​ស៊ី​,​ កូរ៉េ​,​ សហរដ្ឋអាមេរិក​,​ សិង្ហ​បុរី​,​ ដា​ណឺ​ម៉ាក​,​ អូស្ត្រាលី​,​ ហុងកុង​,​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ នឹង​ធ្វើការ​ប្រកួតប្រជែង​យក​ចំណាត់ថ្នាក់​ ITF​ Junior​ Ranking​ Points​ នៅ​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះ​។​