ABA ចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម ពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា
27/Sep/2017
ធនាគារ ABA សមាជិកពេញសិទ្ធិនៃសម្ព័ន្ធធនាគារជាតិកាណាដា បានចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីចូលរួមក្នុងកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក (GTFP) និងបើកផ្លូវឲ្យ អាជីវកម្មខ្នាតតូចនិងមធ្យមរបស់កម្ពុជា ដើម្បីទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មកាន់តែទូលំទូលាយ ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មអន្តរជាតិ។
កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក ផ្តល់លទ្ធភាពជូនដល់ធនាគារ ABA នូវវិសាលភាពហិរញ្ញប្បទានពាណិជ្ជកម្មដល់ក្រុមហ៊ុនក្នុងស្រុកនានា ដែលអាចឲ្យពួកគេទទួលបានបណ្ដាញពិភពលោកមួយ ដើម្បីជួយដល់អាជីវម្មនៃហិរញ្ញប្បទានពាណិជ្ជកម្មរបស់ខ្លួនឲ្យមានភាពរីកចម្រើន។ ជាក់ស្ដែង កិច្ចព្រមព្រៀងនេះបានជួយសម្រួលដល់កិច្ចសហការជាដៃគូរបស់ធនាគារ ABA ជាមួយនឹងធនាគារអន្តរជាតិ និងក្នុងតំបន់ជាច្រើនទៀត ដើម្បីផ្ដល់លទ្ធភាពខ្ពស់សម្រាប់អតិថិជនធនាគារ ABA ក្នុងការទទួលបានហិរញ្ញវត្ថុនិងកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំជាសាច់ប្រាក់។
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ “ការចាប់ដៃគូសហការនេះ ពង្រឹងសមត្ថភាពបន្ថែមដល់ធនាគារ ABA និងក្នុងគោលបំណង ដើម្បីជួយដល់ការអភិវឌ្ឍ ក៏ដូចជាសម្រួលឲ្យប្រសើរឡើងជុំវិញតម្រូវការហិរញ្ញវត្ថុនៃអាជីវកម្មខ្នាតតូចនិងមធ្យម ដែលជាចលករគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ចនិងស្ថិរភាពពាណិជ្ជកម្មនៅកម្ពុជា។” លោកក៏បានបន្ថែមថា៖ យោងតាមគោលការណ៍យុទ្ធសាស្ត្រក្នុងការជួយសម្រួលដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធនាគារ ABA មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាការចូលរួមក្នុងកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក (GTFP) នឹងជួយបើកឱកាសបន្ថែម បង្កើតផលិតផលបន្ថែម ផ្តល់ដំណោះស្រាយឈានមុខសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម ផ្តល់តម្លៃកាន់តែមានភាពប្រកួតប្រជែង និងបង្កើនឱកាសក្នុងការប្រើប្រាស់សេវាធនាគារអន្តរជាតិ និងចូលទៅកាន់ទីផ្សារអន្តរជាតិ។
លោក Kyle Kilhefner នាយកសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំប្រទេស កម្ពុជា ឡាវ និងវៀតណាម បានមានប្រសាសន៍ថា៖ “ការគាំទ្រហិរញ្ញប្បទានពាណិជ្ជកម្មរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មកលើធនាគារ ABA នឹងផ្តល់ផ្ដល់លទ្ធភាពដល់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងប្រទេស ដើម្បីបង្កើនចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងពាណិជ្ជកម្មពិភពលោក។ លោកបានបន្ថែមថា ៖ការពង្រីករំហូរពាណិជ្ជកម្ម មានសារៈសំខាន់ក្នុងការធ្វើឲ្យអាជីវកម្មខ្នាតតូចនិងមធ្យមមានការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការផ្លាស់ប្តូររូបិយប័ណ្ណអន្តរជាតិ និងបង្កើតការងារ។
កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) គាំទ្រពាណិជ្ជកម្មនៅក្នុងទីផ្សារកំពុងអភិវឌ្ឍ ដោយផ្តល់ជាការធានាដោយផ្នែកខ្លះឬធានាទាំងស្រុង ដល់ប្រតិបត្តិការពាណិជ្ជកម្មនីមួយៗ ដោយមានការគាំទ្រដោយ IFC ដែលមានចំណាត់ថ្នាក់កម្រិត A បីដង។ ចាប់តាំងពីបានចាប់ផ្តើមដើមឆ្នាំ 2005 មក កម្មវិធីដែលទទួលបានពានរង្វាន់មួយនេះ បានផ្តល់ការធានាហិរញ្ញប្បទានពាណិជ្ជកម្មច្រើនជាង 1800 ដើម្បីគាំទ្រដល់ទីផ្សារកំពុងអភិវឌ្ឍដែលមានតម្លៃ 30ពាន់លានដុល្លារ។ កម្មវិធីនេះគ្រប់ដណ្ដប់លើធនាគារដៃគូជាង 500 ក្នុងបណ្ដាប្រទេសប្រមាណ 100 ដែលមានទីផ្សារកំពុងអភិវឌ្ឍ។
អំពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាផ្នែកឯកជនមួយរបស់សម្ព័ន្ធធនាគារពិភពលោក គឺជាគ្រឹះស្ថានអភិវឌ្ឍពិភពលោកដ៏ធំបំផុតមួយ ដែលផ្ដល់ការងារទៅលើវិស័យឯកជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍ។ ដោយធ្វើការជាមួយក្រុមហ៊ុនពាណិជ្ជកម្មជាង 2,000 ទូទាំងពិភពលោក យើងប្រើដើមទុន ជំនាញ និងឥទ្ធិពលរបស់យើង ដើម្បីបង្កើតទីផ្សារ និងឱកាសនៅតាមតំបន់ដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញនៃពិភពលោក។ ក្នុងឆ្នាំហិរញ្ញវត្ថុ 2017 យើងបានផ្តល់ហិរញ្ញប្បទាននូវកំណត់ត្រា 19.3 ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍ បង្កើនអានុភាពនៃវិស័យឯកជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនការរំលែកភាគលាភ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ www.ifc.org។