ABA ទទួលបានពានរង្វាន់លើកទីពីរជា “ធនាគារល្អបំផុតនៅកម្ពុជា” ពី Global Finance

28/04/2016

ABA ទទួលបានពានរង្វាន់លើកទីពីរជា “ធនាគារល្អបំផុតនៅកម្ពុជា” ពី Global Finance

ធនាគារABA ត្រូវបានឧទ្ទេសនាមជា “ធនាគារល្អបំផុតនៅ  កម្ពុជាឆ្នាំ2016“ ដោយស្ថាប័នបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិ Global Finance។

ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលធនាគារ ABA ទទួលបាន ពានរង្វាន់ ជាលើកទី2 ពីទស្សនាវដ្តីដ៏ល្បី ល្បាញមួយនេះ ក្នុងនាមជាធនាគារដែលមានការតាំងចិត្តខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន លទ្ធផលប្រតិបត្តិការរឹងមាំ ព្រមទាំង បន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន កាន់តែប្រសើរឡើង។

ក្នុងដំណើរការជ្រើសរើស ធនាគារដែលល្អបំផុតនៅកម្ពុជា Global Finance បានពិចារណារលើចំនុចសំខាន់ៗ ជាច្រើនរួមមាន ការរីកចម្រើន នៃទ្រព្យសកម្ម ប្រាក់ចំណេញ យុទ្ធសាស្រ្តទំនាក់ទំនង សេវាកម្មបំរើអតិថិជន តម្លៃប្រកួតប្រជែង និង ការកែច្នៃផលិតផលធនាគារជាច្រើន។ លក្ខខណ្ឌវិនិច្ឆ័យ រួមបញ្ចូលទាំង មតិយោបល់វិភាគលើ មូលធន ចំណាត់ថ្នាក់ឥណទាន ការផ្តល់ប្រឹក្សាសេវាធនាគារ និង ចំនុចពាក់ពន្ធ័ផ្សេងៗទៀត ក្នុងឧស្សាហកម្មនេះ។ 

លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិនៃធនាគារABA បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលត្រូវ បានទស្សនាវដ្តីដ៏មានអនុភាព Global Finance ផ្តល់ជាលើកទី2 ក្នុងនាមជា ធនាគារល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2016។ ការទទួលស្គាល់នេះជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃគំរូអាជីវកម្មដែលធនាគារABA បានរៀបចំឡើង។ កាលពីឆ្នាំ 2015 យើងគ្រប់គ្រងបានប្រាក់ចំណេញកើនដល់ 15.8 លានដុល្លាអារមេរិក ពីប្រាក់ចំណេញដែលមានត្រឹមតែ 7.5 លាននៅឆ្នាំ 2014 ។ ក្រុមការងាររបស់យើងបានជួយជ្រោមជ្រែងដើម្បីទទួលបានជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់ផលិតផលថ្មីៗ ការបង្កើនគុណភាពសេវាកម្ម និង ការបង្ហាញជូនសេវាកម្មធនាគារបែបឌីជីថលកម្រិតថ្មីទំនើបចុងក្រោយនៅកម្ពុជា”។

លោក Joseph Giarraputo និពន្ធនាយក និង ជាអ្នកបោះពុម្ពផ្សាយនៃទស្សនាវដ្តី Global Finance បានមានប្រសាសន៏ថា “យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក កាលពីឆ្នាំមុនកំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រា 7% ហើយនៅឆ្នាំ 2016 ក៏មានកំណើនប្រហាក់ប្រហែលគ្នាដែរ។ ធនាគារABA បានចាក់បញ្ចូលដើមទុនបន្ថែម កាលពីឆ្នាំមុន ដែលធ្វើឲ្យ ប្រាក់ចំណេញសុទ្ធកើនទ្វេរដង ហើយដើម្បីរក្សាបានកំណើនទាំងនេះ ធនាគារបានពង្រីកសេវាកម្មតាមអនឡាញជាច្រើន ពង្រីកសាខាបន្ថែមថ្មីៗ រហូតដល់33សាខា ព្រមទាំងផ្តល់ជូននូវការកែច្នៃផលិតផលមួយចំនួនដូចជា ការដកប្រាក់ ដោយមិនបាច់ប្រើកាតដែលជួយសម្រួលដល់ការផ្ទេរប្រាក់។ ការបង្កើនទុនរបស់ធនាគារABA គឺផ្អែកទៅលើការជួយ ពីធនាគារជាតិនៃកាណាដាដែលជាម្ចាស់ទុននៅក្នុងធនាគារនេះ រួមទាំងការសហការជាដៃគូជាមួយ ស្ថាប័នអន្តរជាតិ ផ្សេងទៀត ដូចជា China UnionPay ជាដើម”។

ឆ្នាំមុនគឺជាឆ្នាំដ៏សំខាន់សម្រាប់ធនាគារABA។ ធនាគារបានបង្ហាញឲ្យឃើញនូវយុទ្ធសាស្រ្ត និង វិធីសាស្រ្តកែសម្រួល អាជីវកម្មរបស់ខ្លួន ដោយផ្តល់ជូនសេវាកម្មទំនើបកម្ម មួយចំនួន រួមមាន កម្មវិធីតាមទូរស័ព្ទដែលពេញលេញ ការដកប្រាក់ ដោយមិនបាច់ប្រើកាត និងការកែតម្រូវផលិតផលសម្រាប់ មីក្រូអាជីវកម្ម អាជីវកម្មខ្នាតតូចនិងមធ្យម សាជីវកម្ម និង សេវាធនាគារជាលក្ខណៈឯកជន។

របាយការណ៏ទាំងស្រុងស្តីពីការជ្រើសរើសធនាគារដែលល្អបំផុតរបស់ Global Finance នឹងមានផ្សាយនៅលើទស្សនាវដ្តី លេខខែឧសភា និង តាមអនឡាញ GFMag.com ។ អ្នកទទួលបានជ័យលាភី រូមមាន ABA នឹងត្រូវបានអញ្ជើញជាកិត្តិយស ចូលរួមក្នុងពិធីទទួលពានរង្វាន់ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី8 ខែតុលាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ IMF/ World Bank នៅទីក្រុងវ៉ាស៊ីនតោន។