ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

09/09/2014

ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ – ដោយយោងតាមការរៀបចំជាមុន និងបន្ទាប់ពី ទទួលបាន ការអនុម័តយល់ព្រមដែលចាំបាច់មក ធនាគារ Advanced Bank of Asia Ltd. (“ធនាគារ ABA”) មានសេចក្តីសោមនស្ស រីករាយសូមប្រកាសជាសាធារណៈអំពីការសម្រេចបានដោយ ជោគជ័យនូវប្រតិបត្តិការ ទិញភាគហ៊ុនជាពីរដំណាក់កាល ផ្សេងគ្នានៅក្នុងធនាគារពីសំណាក់ធនាគារជាតិនៃ កាណាដា។ បន្ទាប់ពីបានទិញភាគហ៊ុនចំនួន ៩,៩៩% ជា លើកដំបូងកាលពីខែកក្កដាមកពេលនេះ ធនាគារជាតិនៃ កាណាដាបានបង្កើនភាគហ៊ុនរបស់ខ្លូននៅក្នុងធនាគារ ABA រហូតដល់ ៣០% ហើយ។

ជាការផ្តល់មតិលម្អិតពាក់ព័ន្ធនឹងប្រតិបត្តិការនេះ លោក Askhat Azhikhanov អគ្គនាយកនៃធនាគារ ABA បានមាន ប្រសាសន៍ថា “ជាមួយនឹងការសម្រេចបាននូវប្រតិបត្តិការផ្នែកទីពីរនេះ យើងនឹង ឈានទៅរកកម្រិតសហប្រតិបត្តិការ ថ្មីមួយទៀតជាមួយនឹងធនាគារជាតិនៃកាណាដា។ យើងរំពឹងថានឹងមាន សន្ទុះជឿនលឿនទៅមុខថ្មីមួយចំពោះភាព រីកចម្រើន និងការអភិវឌ្ឍរបស់ធនាគារ ABA។ ការវិនិយោគ និងកិច្ចសហប្របត្តិការជាមួយធនាគារជាតិនៃកាណាដា នឹងធ្វើឲ្យធនាគារ ABA រក្សាបាននូវនិរន្តរភាពអត្រាកំណើនយ៉ាងរឹងមាំព្រមទាំងជំរុញឲ្យមានការពង្រីកសាខាបន្ថែម ទៀត ហើយទន្ទឹមនឹងនោះដែរក៏នៅតែរក្សាបាននូវមូលធនគ្រប់គ្រាន់ដដែល។ លើសពីនេះទៀត ការចូលរួមចំណែក ពីសំណាក់វិនិយោគិនប្រកបដោយកេរ្តិ៍ឈ្មោះបែបនេះនៅក្នុងប្រព័ន្ធធនាគារនៃប្រទេសកម្ពុជា គឺជាសូចនាករមួយ បញ្ជាក់អំពីទំនុកចិត្តដ៏រឹងមាំចំពោះ សក្តានុពលរបស់ប្រទេសកម្ពុជា និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។”

លោកស្រី Karen Leggett អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទីផ្សារ និងយុទ្ធសាស្ត្រអាជីវកម្មនៅធនាគារជាតិ នៃកាណាដា បានមានប្រសាសន៍ថា “ធនាគារជាតិនៃកាណាដាមានមោទនភាពបញ្ចប់ដំណាក់កាលទីពីរនៃ ប្រតិបត្តិការរបស់ខ្លួន ជាមួយធនាគារ ABA។ ធនាគារ ABA គឺជាគ្រឹះស្ថានដ៏រឹងមាំមួយដែលមានវិសាលភាព ល្អប្រសើរបំផុតនៅក្នុងវិស័យ ធនាគារកម្ពុជាដែលធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អប្រសើរ មួយសម្រាប់ធនាគារជាតិនៃ កាណាដា។ យើងទន្ទឹងរងចាំក្លាយ ជាផ្នែកមួយនៃអនាគតធនាគារ ABA។”