ធនាគារ ABA បន្តឧបត្ថម្ភគាំទ្រ ការប្រកួតសិល្បៈជាតិសម្រាប់កុមារ
02/Sep/2019
ធនាគារ ABA បានធ្វើជាអ្នកឧបត្ថម្ភ Premium Sponsor ក្នុងការប្រកួតសិល្បៈជាតិ សម្រាប់វិចិត្រករវ័យក្មេង ដែលត្រូវបានរៀបចំដោយ Global Art Cambodia (GAC)។ ការគាំទ្រនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារ ABA និងស្របទៅតាមគោលនយោបាយវិភាគទានសង្គម ដើម្បីជួយលើកកម្ពស់ក្តីស្រម៉ៃ នវានុវត្តន៍ និងភាពច្នៃប្រឌិតរបស់កុមារតាមរយៈសិល្បៈគំនូរ។
រៀបចំឡើងនៅផ្សារទំនើប អ៊ីអនម៉ល 2 កាលពីថ្ងៃទី 1 កញ្ញា 2019 ការប្រកួតបានប្រមូលផ្តុំក្មេងៗ មកជួបជុំគ្នា ដើម្បីបង្ហាញពីការកោតសរសើររបស់ពួកគេ ចំពោះមនុស្សជាតិ សត្វ វត្ថុ និងព្រឹត្តិការណ៍នានា ដែលកើតឡើងក្នុងជីវិតរបស់ពួកគេ នៅក្នុងផ្ទាំងគំនូរ។
“ធនាគារ ABA បានចាប់ដៃជាមួយ GAC ក្នុងការរៀបចំការប្រកួតសិល្បៈគំនូរនេះតាំងពីឆ្នាំ 2014 មកម្លេះ ហើយយើងមានភាពរីករាយក្នុងការបន្តដំណើរនេះជាថ្មីម្តងទៀតនៅក្នុងឆ្នាំនេះ” នេះបើតាមប្រសាសន៍របស់លោក សោម សក្តិសំរិទ្ធ អនុប្រធានសាខាទួលគោក ដែលបានចូលរួមប្រគល់ពានរង្វាន់ និងសំបុត្រយន្តហោះទៅប្រទេសសិង្ហបុរី ជូនដល់អ្នកឈ្នះ។
“យើងជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយលើកស្ទួយកុមារ ឲ្យយល់ដឹងពីគុណតម្លៃរបស់មនុស្ស កសាងមិត្តភាពល្អៗ និងរៀនពេញចិត្តចំពោះមនុស្ស និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេ” លោកបានបន្ថែម។
ធនាគារ ABA ក៏បានរៀបចំស្តង់ ដើម្បីផ្តល់ជូននូវសកម្មភាពកម្សាន្តផ្សេងៗ ដូចជាមនុស្សត្លុក ការគូររូបលើមុខ និងសកម្មភាពផាត់ពណ៌រូបគំនូរសម្រាប់ផ្តល់ជូនភាពរីករាយដល់ក្មេងៗ។
ជាសរុប មានកូនសិស្សជាង 160នាក់ អាយុពី 4 ដល់ 18 ឆ្នាំ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកចូលរួមប្រកួតត្រូវបានចែកចេញជាបីក្រុម។ អ្នកឈ្នះមកពីក្រុមនីមួយៗ ទទួលបានរង្វាន់ដូចជា អាហារូបករណ៍រៀនឥតគិតថ្លៃនៅសាលា Global Art Cambodia ចំនួនកន្លះឆ្នាំ, សំបុត្រយន្តហោះ, ពានជ័យលាភី, បណ្ណសរសើរ, និងកញ្ចប់កាដូ ហើយក៏មានរង្វាន់លួងចិត្តសម្រាប់អ្នកជាប់លេខរៀងបន្ទាប់ៗផងដែរ។
ម្ចាស់ជ័យលាភីទាំងបីរូប មានឈ្មោះ ងួន វ៉ាន់ថាត សិរីរដ្ឋា, លុន ហ្គិច ហួង, និងពៅ ថានិន ដែលនឹងតំណាងឲ្យប្រទេសកម្ពុជា បន្តដំណើរទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេស សិង្ហបុរី នាថ្ងៃទី2 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ។