ABA​ ទទួល​បាន​ពាន​ ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម ​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ 2019​ ពី​ទស្សនាវដ្តី​ Asiamoney

03/01/2020

ABA​ Bank​ becomes​ Best​ Digital​ Bank​ 3ABA​ Bank​ becomes​ Best​ Digital​ Bank​ 3

ធនាគារ​ ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ប្រកាស​នា​ថ្ងៃនេះ​ថា​ខ្លួន​ទទួល​បាន​ពាន​ “​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​2019”​ ពី​ទស្សនាវដ្តី​ Asiamoney​ ដែល​ជា​ទស្សនាវដ្តី​ថ្នាក់​តំបន់​របស់​ Euromoney​ ដែល​ជា​គ្រឹះស្ថាន​ផ្សព្វផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ABA​ សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​,​ ការ​ពង្រីក​បណ្ដាញ​សាខា​,​ និង​បង្អែក​ដ៏​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​។​

​អ្នកជំនាញ​ពី​ទស្សនាវដ្តី​ Asiamoney​ កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ឌី​ជី​ថ​ល​,​ ការ​ធ្វើ​ទំនើប​កម្ម​បណ្តាញ​ឌី​ជី​ថ​ល​របស់​ខ្លួន​,​ និង​ការ​អភិវឌ្ឍ​កម្មវិធី​ ABA​ Mobile​ ល្អ​ផ្ដាច់​គេ​ដែល​មាន​សេវាកម្ម​ និង​មុខងារ​ប្រកបដោយ​នវានុវត្តន៍​ ដូច​ជា​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​ ATM​ មិន​ចាំបាច់​ប្រើ​កាត​,​ ការ​ចេញ​កាត​និម្មិត​សម្រាប់​ការ​ទូទាត់​អន​ឡាញ​ និង​ QR,​ ការ​ជំរុញ​ការ​ប្រើ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ សម្រាប់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​,​ និង​នវានុវត្តន៍​មួយ​ចំនួន​ទៀត​។​

“​ធនាគារ​ ABA​ ចាប់​យក​ឌី​ជី​ថ​លុប​នី​យ​កម្ម​ច្រើន​ជាង​ធនាគារ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ធនាគារ​ឌី​ជី​ថ​ល​ គឺជា​ផ្នែក​ឈានមុខ​នៃ​ធុរកិច្ច​របស់​ខ្លួន​ ហើយ​វា​អាស្រ័យ​លើ​ ABA​ Mobile​ ។​ សេវា​ E-Cash​ ដែល​អាច​ដក​ប្រាក់​តាម​ម៉ាស៊ីន​ ATM​ ដោយ​មិន​ចាំបាច់​ប្រើ​កាត​ មានការ​ប្រើប្រាស់​ចំនួន​ 370,000​ ដង​ក្នុង​ឆ្នាំ​2018​។​ ភាព​លេចធ្លោ​ផ្សេង​ទៀត​របស់​ធនាគារ​ រួម​មាន​ មុខងារ​ ABA​ Pay​ សម្រាប់​ការ​ទូទាត់​ដោយ​ប្រើ​ QR​ និង​មិន​ប្រើ​សាច់ប្រាក់​ និង​ប្រព័ន្ធ​ទូទាត់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ PayWay”​ នេះ​បើ​យោង​តាម​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Asiamoney​ ដែល​បញ្ជាក់​ក្នុង​សេចក្តីរាយការណ៍​ស្តី​ពី​ធនាគារ​ ABA​ ។​

និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Asiamoney​ ក៏​បាន​បន្ថែម​ទៀត​ថា​ “​ធនាគារ​នៅ​តែ​បន្ត​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៀត​ដោយ​ថ្មីៗ​នេះ​ បាន​បន្ថែម​មុខងារ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ ខណៈ​ដែល​ខ្លួន​កំពុង​ចាប់​ដៃគូ​ជាមួយ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​គឺ​ AliPay​ និង​ UnionPay​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ទូទាត់​តាម​ QR”​ ។​

ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​ “​ឌី​ជី​ថ​ល​ជា​អាទិភាព​”​ ABA​ បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ធនាគារ​ ដោយសារ​តែ​វិធីសាស្ត្រ​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​ធនាគារ​ និង​ការ​ចាប់ផ្ដើម​មុនគេ​សម្រាប់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​។​ ធនាគារ​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា​ថ្មីៗ​ ហើយ​ជា​លទ្ធផល​ ធនាគារ​មាន​សមត្ថភាព​លើសគេ​នៅ​ក្នុង​ឌី​ជី​ថ​លុប​នី​យ​កម្ម​ហិរញ្ញវត្ថុ​។​

​លោក​ Zokhir​ Rasulov​ នាយក​ផ្នែក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើង​មាន​ភាព​រីករាយ​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ 2019​ ”​។​ “​ពានរង្វាន់​នេះ​បង្ហាញ​ថា​ យើង​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ដែល​ផ្តោត​លើ​អតិថិជន​ជា​ចម្បង​ ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​នានា​របស់​កម្ពុជា​ ដោយ​ប្រើ​បច្ចេកវិទ្យា​។​ វា​ជា​តថភាព​មួយ​ដែល​ថា​កម្មវិធី​ ABA​ Mobile​ ជា​ជម្រើស​ទី​មួយ​សម្រាប់​រូបវន្តបុគ្គល​ និង​អាជីវកម្ម​នានា​ភាគច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​សុវត្ថិភាព​,​ សមត្ថភាព​,​ និង​បទ​ពិសោធ​ក្នុង​ការ​ប្រើ​កម្មវិធី​នេះ​។​ តែ​រយៈពេល​មួយ​ឆ្នាំ​ ចំនួន​អតិថិជន​ប្រើ​កម្មវិធី​ទូរស័ព្ទ​របស់​យើង​បាន​កើនឡើង​លើស​ទ្វេ​ដង​។​ យើង​កំពុង​បន្ត​ប្រឹងប្រែង​អភិវឌ្ឍ​ផលិតផល​ និង​កម្មវិធី​ឌី​ជី​ថ​ល​ដទៃ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ហិរញ្ញវត្ថុ​របស់​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។​”

​ធនាគារ​ ABA​ មានទ្រព្យ​សកម្ម​សរុប​ 4.35​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ (​គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2019)​ និង​បម្រើសេវា​ជូន​អតិថិជន​ច្រើន​ជាង​ 730,000​ នាក់​ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​ដែល​មាន​សាខា​ចំនួន​ 77,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ ជាង​ 550,​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​។​ ជំហរ​នាំមុខ​គេ​របស់​ធនាគារ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ ព្រមទាំង​កំណើន​ដ៏​រឹង​មាំ​គ្រប់​ផ្នែក​នៃ​ធុរកិច្ច​របស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ដល់​ 'B+'​ ជាមួយ​ទស្សនវិស័យ​ “​ស្ថិរភាព​”​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings​ ក្នុងឆ្នាំនេះ​។​

អំពី​ទស្សនាវដ្តី​ Asiamoney​
រយៈពេល​ជាង​បី​ទសវត្សរ៍​ ទស្សនាវដ្តី​ Asiamoney​ គឺជា​សំឡេង​នៃ​ឧស្សាហកម្ម​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​អាស៊ី​។​ ក្នុងអំឡុងពេល​នោះ​ ការ​បោះពុម្ពផ្សាយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ដ៏​រំភើប​បំផុត​នៅ​លើ​ពិភពលោក​។​ ច្បាប់​ចេញផ្សាយ​នីមួយ​របស់​ទស្សនាវដ្តី​ Asiamoney​ មាន​របាយការណ៍​ស៊ីជម្រៅ​ និង​ពានរង្វាន់​វិស័យ​ធនាគារ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​រហូត​ដល់​ទៅ​ 6​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ការ​សម្រេចចិត្ត​ផ្តល់​ពានរង្វាន់​របស់​ទស្សនាវដ្តី​ Asiamoney​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​សំណើ​លម្អិត​ពី​អ្នកចូលរួម​ទីផ្សារ​នេះ​ និង​រួម​ជាមួយ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារ​ធនាគារ​ និង​មូលធន​ដោយ​គណៈកម្មាធិការ​និពន្ធ​នាយក​។​ និពន្ធ​នាយក​ជាន់ខ្ពស់​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ឬ​តំបន់​នីមួយៗ​ដើម្បី​ជួប​ជាមួយនឹង​ធនាគារិក​នាំមុខ​គេ​ និង​ប្រមូល​មតិយោបល់​ពី​អតិថិជន​ និង​គូប្រកួត​ប្រជែង​ផង​ដែរ​។​